«សំបូរព្រៃគុក» ​ជាឈ្មោះ​កាត់​បារាំង?

កំណែសម្រួល​ឈ្មោះ​ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧៖

ខ្ញុំយល់ស្របតាមការពន្យល់របស់បង ហេង សុផាឌី តាមរយៈ​យោបល់នៅលើ facebook post របស់បង​ ញឹម សុធាវិន នៅថ្ងៃនេះ​ថា​៖ “ខ្ញុំសូមចូលរួមយោបល់ខ្លះក្នុងនាមបុគ្គលមួយរូបដែលបានចូលក្នុងកិច្ចការ​សរសេរ ឯកសាររម​ណីយដ្ឋានប្រាសាទសំបូរព្រៃគុក​​ សុំចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។​ ការដែលសម្រេចសរសេរពាក្យសំបូរ មិនសរសេរ សម្បូណ៌​ ព្រោះយកតាមឈ្មោះដែលប្រើជាផ្លូវការក្នុងវិស័យរដ្ឋបាល ដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ។​ ដូច្នេះហើយទើបក្រុមការងារយល់ថាត្រូវសរសេរឲ្យត្រូវតាមពាក្យដែលប្រើក្នុងវិស័យរដ្ឋបាលជាផ្លូវការរួចទៅហើយ បើទោះជាដឹងថាពាក្យនោះពុំត្រឹមត្រូវតាមក្បួនច្បាប់វេយ្យាករណ៍ខ្មែរក៏ដោយចុះ។​ ម្យ៉ាងទៀតគិតថា ការដែលប្រើពាក្យថ្មីនាំឲ្យច្របូកច្របល់។

ដូច្នេះខ្ញុំសូមកែសម្រួលឈ្មោះក្នុងអត្ថបទនេះ​ពី «សម្បូរ» មក​ជា «សំបូរ» វិញ។ ម្យ៉ាងទៀតនៅ​ពេល​សរសេរ​អត្ថបទនេះ ​ខ្ញុំ​គិត​តែ​តាម​វចនានុក្រម​មិនបាន​គិតទៅ​លើការសរសេរ​ជាឡាតាំងរបស់អ្នកស្រាវជ្រាវបារាំង​ដូច​ជាគ្រូសំស្ក្រឹត​លោក ល្វី ហ្វីណូត៍ និងលោក ប៉ាម៉ង់ទីយេ ដែលសរសេរជា Sambór (m=ម, ó=ូ) «សម្បូរ» នៅឆ្នាំ១៩១២ Saṃbór (ṃ=ំ, ó=ូ) «សំបូរ» នៅឆ្នាំក្រោយៗមក។ ខ្ញុំក៏ត្រលប់ទៅមើល​វចនានុក្រម ខ្មែរ-បារាំង របស់លោក អាយម៉ូនីញេ និងលោក សឺង ដៀប (បោះពុម្ពឆ្នាំ១៨៧៨) និង​របស់លោក ហ្សង់-បាប្ទិស្ត ប៊ែរណា (បោះពុម្ពឆ្នាំ១៩០២) ម្តងទៀត​ ឃើញថា​អ្នកទាំងបីសុទ្ធតែសរសេរ «សំបូរ» ជាព្យាង្គរាយ (សូមមើលរូបខាងក្រោម)។ នេះប្រហែល​ជាទម្រង់ដែលគេនិយម​សរសេរនៅជំនាន់នោះ ដូច្នេះគួរសរសេរឈ្មោះ​ជា «សំបូរ» ពុំមែន «សម្បូរ» ឡើយ។ យ៉ាងណាក៏ដោយ ខ្មែរ​សរសេរ​ព្យាង្គរាយ​និង​តម្រួត​ឆ្លាស់គ្នាយូរយារ​ហើយ ឲ្យថា​ត្រូវឬខុស​នោះក៏ពុំបាន​ដូចគ្នា គ្រាន់តែដើម្បីសម្រួល​ការសរសេរផង​និង​ចំណាំផង យើង​តោង​ប្រើ​ទម្រង់តែមួយ​ឲ្យ​ស៊ីគ្នា​ហើយ​ឲ្យកំណត់ចំណាំមួយថា​អាចសរសេរជាទម្រង់មួយទៀតបាន​ជាការស្រេចហើយ។ ក្នុងអត្ថបទខាងក្រោម​ ខ្ញុំរក្សាទម្រង់ «សម្បូរ» តាមវចនានុក្រម​កាលណា​ខ្ញុំឲ្យជាអត្ថន័យ​ឬយោងពីឯកសារគេដែលប្រើទម្រង់នេះ តែ​ខ្ញុំប្រើ «សំបូរ» ជាឈ្មោះ​ប្រាសាទ​និងភូមិ​ដូច្នេះវិញ។

dico
វចនានុក្រមខ្មែរ-បារាំង ដែលបោះពុម្ពមុន​វចនានុក្រមខ្មែរ

អត្ថបទ

មកទល់​ឥឡូវនេះ មាន​ការ​ពន្យល់បកស្រាយ​ច្រើនបែបយ៉ាងចំពោះអត្ថន័យរបស់ឈ្មោះ «សំបូរព្រៃគុក» ដូចជា​ឯកសារ​ចុះបញ្ជីបេតិកភណ្ឌពិភពលោក​ប្រែជាអង់គ្លេស​ថា “the temple in the richness of the forest” «ប្រាសាទនៅ​ក្នុងព្រៃ​ដ៏សម្បូរ?»។ លោក​ មីសែល​ ត្រាណេ​ ធ្លាប់ពន្យល់​យ៉ាងខ្លីថាវា​ផ្សំដោយពាក្យបី​គឺ «​សម្បូរ» ជា​ឈ្មោះ​របស់​ភូមិ​មួយ​នៅ​ជិត​ក្រុម​ប្រាសាទ​, «​ព្រៃ​»​ សំដៅ​ព្រៃឈើ, និង «​គុក (Kuk)» ជា​ពាក្យ​ខ្មែរហៅ «ប្រាសាទ​»។ សរុបមក«​សម្បូរ​ព្រៃ​គុក​»​មាន​ន័យ​ថា «​ព្រៃស្តុក​ដោយ​គុក ឬ​ប្រាង្គ​ប្រាសាទ​» (La foret aux tours)។ យ៉ាងណា​ក៏យើងឃើញនៅមាន​ការបកស្រាយ​ខុសៗគ្នាចំពោះឈ្មោះនេះ ពិសេស​ក្នុង​រយៈពេលដែល​ «សម្បូរព្រៃគុក» ក្លាយជា​បេតិកភណ្ឌពិភពលោក។ ក្នុង​សំណេរ​នេះ​ ខ្ញុំ​រពឹង​ថា​ការបកស្រាយ​ផ្សេងៗ​ពី​ឈ្មោះ«​សំបូរ​ព្រៃគុក»​នឹង​បញ្ចប់ត្រឹម​នេះដើម្បី​យើងអាច​​ងាកទៅរក​ប្រធានបទផ្សេងទៀត។

ខ្ញុំបាន​បកស្រាយពី​ «គុក» និង «គុហ៍» ​នៅ​ប្លុក​មុនរួចហើយ នៅទីនេះ​ខ្ញុំ​សុំបកស្រាយ​លើ​ការណ៍​ដែល​នាំឲ្យ​ពិបាកប្រែ​និង​ពន្យល់ពាក្យ «សំបូរព្រៃគុក»។ ជាទូទៅ​ប្រាសាទ​ខ្មែរ​មួយ​ចំនួន​មានឈ្មោះដូច​ជា «ព្រៃគុក» «ព្រៃប្រាសាទ» ឬ «ព្រៃក្តី» ដែល​មានន័យជារួម​ថា «​ព្រៃរបស់ប្រាសាទ» ឬ «ព្រៃដែលមាន​ប្រាសាទ» ពោល​គឺសំដៅ​ទៅ«​ដី​ព្រៃ​​»​ដែល​​មានប្រាសាទ​ក្នុងនោះ ពុំមែន​សំដៅ​ទៅ​លើ​ឈ្មោះប្រាសាទផ្ទាល់ឡើយ (ត្រង់នេះ​សូម​មិត្ត​អ្នកអាន​មើល​អត្ថបទ​របស់​អ្នកគ្រូពៅ សាវរស ដែល​ខ្ញុំ​ប្រែសម្រួល​មួយវគ្គខ្លីជាខ្មែរ​នៅ​ខាងចុង​ប្លុកអំពី​គុក)។ ដោយឡែក​ កាលណាគេ​ថែម​«សំបូរ» ​ពីមុខ​ «ព្រៃគុក» ការពន្យល់ពាក្យនេះទៅ​ជា​ពិបាក​។ វចនានុក្រមពន្យល់ពាក្យ «សម្បូរ» ថាជា «កិរិយាសព្ទ ឬ គុណនាម. ពេញ​ពាស, បរិបូរ​ក្រៃ​ពេក, គរគោគ : ទឹក​ភ្លៀង​សម្បូរ, ស្រុក​សម្បូរ។ សម្បូរ​ពោរ​ពាស សម្បូរសល់​ផល ។ សម្បូរហូរ​ហៀរ សម្បូរ​គរគោក ។ល។»  ដូច្នេះបើ​យើង​ប្រែ «សំបូររៃគុក» ថា៖ សម្បូរទៅ​ដោយ«​ព្រៃរបស់ប្រាសាទ» ឬ «ព្រៃដែលមាន​ប្រាសាទ» វាទៅជាឆ្គង​ឬចម្លែកព្រោះ​នាម​នៅពេល​នេះ​គឺ «ព្រៃ» ពុំមែន​ប្រាសាទឡើយដែល​ខុសពី​ន័យថា​ «សម្បូរប្រាសាទ​»។ នេះ​ក៏ព្រោះកន្សោម​ពាក្យនេះ​វា​ចម្លែក​មែន! ព្រោះវាជាកន្សោមពាក្យ​កាត់​បារាំង! ចាំខ្ញុំនឹងបង្ហាញហេតុផល​ជូន​ដូចតទៅ៖

SPK researchers
រូបថត​អ្នកស្រាវជ្រាវបារាំង​សំខាន់ៗដែល​ចាប់ផ្តើមស្រាវជ្រាវនៅ«សំបូរព្រៃគុក» (រូបថតទាំងអស់ជាកម្មសិទ្ធរបស់សាលាបារាំង EFEO)

សូមមិត្ត​អ្នកអានបង្វិលពេលវេលា​ថយ​ក្រោយ​ជាមួយ​ខ្ញុំទៅកាន់​ស្រុកខ្មែរ​ក្នុងសម័យ​អាណាព្យាបាល​បារាំង​នៅចន្លោះ​ឆ្នាំ១៨៩៤ និងឆ្នាំ១៩២៨។ នេះជាពេល​ដែល​បារាំងចាប់ផ្តើម​ស្រាវជ្រាវពី​បុរាណវិទ្យា​ ប្រវត្តិសាស្ត្រ​ និង សិលាចារឹក​ខ្មែរ ដែល​នាំពួក​គេ​ឲ្យធ្វើដំណើរ​គ្រប់ទិសទី​រុករក​ប្រាសាទ រូបចម្លាក់ និង​សិលាចារឹក។ ចាប់ពីឆ្នាំ១៨៩៤ គេបាន​ទៅដល់ខេត្តកំពង់ស្វាយ (កំពង់ធំសព្វថ្ងៃ) ពិសេស​ទៅដល់ក្រុមប្រាសាទដែល​យើងសព្វថ្ងៃស្គាល់ថា «សំបូរព្រៃគុក»។ តើ​នេះជាឈ្មោះដែល​គេហៅ​នៅ​ជំនាន់នោះ​ឬទេ? តើ​លោក​បារាំង​ទាំង​អស់នេះ​ហៅ​ក្រុមប្រាសាទនេះ​ថាម៉េច? សូមមើល​ឈ្មោះ​ដែលគេប្រើ​ក្នុងរបាយ​ការណ៍ចំនួន១០ តាមកាលប្រវត្តិ​ឆ្នាំ​និមួយៗដូចខាងក្រោម៖

១. Adhémard Leclère (1894) នៅទំព័រ៣៧១-៣៧២៖ Prasat-kuk ប្រាសាទ-គុក  (ចំណាំ «-» នៅចន្លោះពាក្យទាំងពីរ) គឺ «ប៉មដែលមានរាងដូចឡ»។ គាត់សរសេរឈ្មោះភូមិថា Sambaur ដូច​ឈ្មោះ​ស្រុកសំបូរនៅក្រចេះដែរ (សូមមើលពាក្យសរសេរ​ក្នុង​រូបវចនានុក្រម​ខាងលើ)

២. Étienne Aymonier (1900) នៅទំព័រ៣៧២៖ Sambuor សំបូរ ឬ សំបួរ

៣. Lunet Delajonquière (1902) នៅទំព័រ២២៥៖ Sambuor សំបូរ ឬ សំបួរ

៤. Henri Parmentier (1913) នៅទំព័រ២១៖ Prei Kuk ព្រៃគុក

៥. Louis Finot (1912) នៅទំព័រ១៨៤៖ បោះពុម្ពមុន​តែ​រិះគន់​​អត្ថបទឆ្នាំ១៩១៣ របស់លោក​ Parmentier ដោយ​ឲ្យ​ប្រើឈ្មោះ Sambuor or Sambór អានថា​សម្បូរ

៦. L. Arousseau (1922) នៅទំព័រ៣៩០៖ Sambor Prei Kuk សំបូរព្រៃគុក

៧. Jeanne Leuba (1925)៖ Sambor-Prei Kuk សំបូរ-ព្រៃគុក

៨. Henri Parmentier (1927)ទំព័រ ៤៥-៤៦៖ Saṃbór-Prei Kŭk សំបូរ-ព្រៃគុក (ចំណាំ «-» នៅចន្លោះពាក្យ)

៩. Victor Goloubew (1927) ទំព័រ ៤៨៩-៤៩២៖ Sambor Prei Kuk សំបូរព្រៃគុក (គ្មាន «-» នៅចន្លោះពាក្យ)

១០. Louis Finot (1928)ទំព័រ ៤៣៖ Saṃbór Prei Kŭk សំបូរព្រៃគុក (គ្មាន «-» នៅចន្លោះពាក្យ)

SPK2
ឈ្មោះ​ផ្សេងៗដែលគេហៅក្រុមប្រាសាទ «សំបូរព្រៃគុក» ចាប់ពី​ឆ្នាំ១៨៩៤ ដល់ ១៩២៨។ ខ្ញុំចែកជាពីរក្រុម៖ ក្រុមខាងលើមានឈ្មោះដើម​ថា«ប្រាសាទគុក» ផង​និង​យកតាមលោក Lunet de Lajonquière ផង ឯក្រុមខាងក្រោម​តាមលោក Henri Parmentier។

តាមរយៈឯកសារទាំងនេះ យើង​ឃើញថាឈ្មោះ​«សំបូរព្រៃគុក» កើតចេញ​ពី​ «ជម្លោះលេខយោង» ៣ដងក្នុងរយៈពេល១៧ឆ្នាំ​ ពីឆ្នាំ១៩១១ ដល់១៩២៨ ​រវាង​លោក Henri Parmentier (ហង់រី ប៉ារម៉ង់ទីយេ) និង Louis Finot (ល្វី ហ្វ៊ីណូត៍ ជាគ្រូ​សំស្ក្រឹតនៅ​ព្រៃនគរ​​របស់​លោកតា​ ជួន ណាត​ និងលោកតា ហួត​ តាត)។

លោក Henri Parmentier ទៅធ្វើការស្រាវជ្រាវ​នឹងគូរ​ប្លង់ក្រុម​ប្រាសាទ​ «សំបូរព្រៃគុក» លម្អិតមុនគេ​នៅឆ្នាំ១៩១១។ ក្នុងអត្ថបទ​មួយ​បន្ថែមលើ​បញ្ជីសារពើភណ្ឌស្ថានីយបុរាណនៅស្រុកខ្មែរ (1913: 21-22) លេខយោងទី១ គាត់សរសេរថា៖ “ទីតាំងភូមិ​នេះឈ្មោះសំបូរ (ឲ្យអានថា​ សំ-បុ គឺកញ្ឆក់​ស្រៈខាងចុង)។ ដោយឈ្មោះនេះងាយ​នឹង​ច្រឡំជាមួយសំបូរ​មួយទៀត (ក្រចេះ) Lajonquière សរសេរ​ដោយ​ខុសទំនងថា Sambuor​(សំបួរ)ទៅវិញ។ ខ្ញុំយល់ថាគួរណាស់តែ​ប្រើឈ្មោះ​ដែល​អ្នកស្រុកទីនេះប្រើគឺ ប្រាសាទព្រៃគុក « les sanctuaires de la forêt des Kŭk » (ប្រាសាទនៅព្រៃគុក)។ អ្នកស្រុកខ្មែរគេប្រើ «គុក​» ហៅប្រាសាទតូចៗ។

ក្រោយឃើញរបាយការណ៍នេះ (មុនពេលបោះពុម្ពមួយឆ្នាំ) លោក Louis Finot (1912: 184) ក្នុងលេខយោង១ នៅផ្នែក «សិលាចារឹកនៅសម្បូរ» សរសេរថា៖ “ឈ្មោះ​ដែលអាចផ្ទៀងផ្ទាត់បានរបស់ភូមិនេះគឺ Sambór (សម្បូរ) រីឯប្រាសាទគេហៅថា «ព្រៃគុក»។ ទាំង Leclère និង Lajonquière គ្មាន​អ្នកណា​ស្គាល់ឈ្មោះនេះទេ គឺប្រហែលជាឈ្មោះដែល​អ្នកស្រុកបង្កើតឡើងដើម្បីបំពេញចិត្ត​អ្នកស្រាវជ្រាវ​ក្រោយគេ (គឺរិះគន់លោក Parmentier)។ វាហាក់​មិនចាំបាច់ប្តូរពីឈ្មោះភូមិដែលគួរឱ្យចាប់អារម្មណ៍ ទៅប្រើឈ្មោះដែលគ្មាន​ន័យនេះទេ។ ឈ្មោះ Sambuor ឬ Sambór ប្រាកដជាក្លាយមកពី​ Śaṃbhupura (ឝំភុបុរ) ពុំខាន។”

តមក​ទៀតរហូត​ដល់​១៥ឆ្នាំក្រោយ​ទើប​​លោក Parmentier (1927: 45-46) លេខយោងទី១ តបទៅវិញថា៖ “អ្នកស្រុកមិនបាន​ឲ្យ​ឈ្មោះប្រាសាទ​ដែល​ពួកគេស្ទើរតែមិនស្គាល់ហើយគេ​កម្រនឹងធ្វើកិច្ចពិធីនៅ​ប្រាសាទទាំងនេះផង។ អ្នកស្រុក​សំបូរ​ជូន Lajonquière ទៅ​មើល​តែផ្នែកមួយតូច​ប៉ណ្ណោះ … នៅពេលគេយល់ពីអ្វីដែលយើងចង់រក ហើយឈប់ប្រកែក​ថាគ្មានវត្តមានប្រាសាទ​នៅក្បែរនោះទៀត អ្នកស្រុកទាំងនេះទទួលស្គាល់ថាមានប្រាសាទផ្សេងឯទៀតនៅក្នុង «ព្រៃគុក»។ អ្នក​ដំណើរ​អឺរ៉ុបដំបូងគេ ប្រហែលជាដាក់ឈ្មោះក្រុមប្រាសាទនេះតាម​ឈ្មោះភូមិជិតខាងគឺ ភូមិ​«សំបូរ» តែកែប្រែពាក្យទាំងខុស​​​ទំនងជា​ Sambuor (សំបួរ) ​ដែលគ្មានអ្នក​តំបន់នេះស្គាល់​ទៅវិញ។ យើងគួរតែកំណត់ប្រើឈ្មោះ​ស្រដៀង​​ទៅ​នឹងពាក្យដែល​អ្នកស្រុកហៅ ជាជាងប្រើ​ឈ្មោះដែលគ្មាន​អ្នកស្គាល់​នេះ (Sambuor) ឬក៏​ជៀសវាង​ប្រើឈ្មោះដែលនាំឲ្យ​ច្រឡំមួយនឹង «សំបូរទន្លេ» (គឺសំបូរក្រចេះ) ផង។ ដូច្នេះ​ដំណោះស្រាយ​សាមញ្ញបំផុត ដើម្បីជៀសវាងការភាន់ច្រឡំ​ផង​ និងការបាត់បង់អនុស្សាវរីយដើម​ដែលអាចមាន​ក្នុងឈ្មោះ «សំបូរ» (Śaṃbhupura?)នោះផង យើងគួរប្រើ «ឈ្មោះស្ទួន​» គឺ «Saṃbór-Prei Kŭk» (សំបូរ-ព្រៃគុក) ដែល​គ្មានអ្វីពិបាកក្រៅ​ពីឈ្មោះវែងនោះទេ។”

សូមចំណាំថាសំណើរបស់លោក Parmentier មានសញ្ញា «-» នៅចន្លោះពាក្យទាំងពីរគឺ «សំបូរ-ព្រៃគុក» ពោល​គឺ​ យកឈ្មោះ​«សំបូរ»​ដែល​គេ​ស្គាល់​មុន​ដាក់ពី​ខាងមុខ​ ឯឈ្មោះ​«ព្រៃគុក» ​ដាក់​បន្ថែម​ពី​ក្រោយ។ តែយើងឃើញថា​ ការប្រើតមកទៀតគឺនៅត្រឹមតែ «សំបូរព្រៃគុក»​ ដែលយើងស្គាល់សព្វថ្ងៃនេះដោយគ្មានដាក់សញ្ញា «-»។ ត្បិតតែ Arousseau (1922) និង Leuba (1925) បោះពុម្ពមុនលោក Parmentier (1927) ក៏ពិតមែន​ រាល់អំណះអំណាង​ទាំងអម្បាលមាន​នៅក្នុងអត្ថបទទាំងពីរ​គឺយក​តាម​លោក​ Parmentier ច្រើន​។ នៅក្នុង​អត្ថបទកាសែត​របស់​អ្នកស្រី Jeanne Leuba (ជា​ភរិយា​លោក​ Parmentier គាត់​ទៅ​សំបូរព្រៃគុក​ជាមួយ​ប្តី​តាំងពី​ឆ្នាំ ១៩១១) ប្រាប់ថា​គាត់ទៅសំបូរព្រៃគុក​ជាមួយលោក​ Parmentier ម្តងទៀតក្នុងឆ្នាំ១៩១៦។ ដូច្នេះលោក Parmentier និងអ្នកស្រី Jeanne Leuba ប្រហែល​ស្នើ​ឲ្យប្រើ «ឈ្មោះស្ទួន» ថា «សំបូរ-ព្រៃគុក» តាំងពី​ឆ្នាំ១៩១៦​មកម្លេះ​តែទើបនឹងបាន​បោះពុម្ព​សៀវភៅនៅឆ្នាំ ១៩២៧។ លោក Louis Finot (1928) បញ្ចប់​សេចក្ដី​ត្រឹម​សរសេរ​យោង​ទៅតាមរបាយ​ការណ៍របស់​លោក Victor Goloubew (1927) ថាជា​ Saṃbór Prei Kŭk «សំបូរព្រៃគុក» ដោយគ្មានដាក់សញ្ញា «-» មកដូច្នេះដែរ។ រហូតមកទល់​ទសវត្ស​ឆ្នាំ១៩៦០ លោក​ Bernard-Philippe Groslier ប្រហែលជាសន្មត់ឲ្យប្រើឈ្មោះជាអក្សរកាត់ថា SPK ដូច្នេះ​សូមចំណាំទុក​អក្សរកាត់នេះ។

សរុបសេចក្តីមកឈ្មោះ ​«សម្បូរព្រៃគុក» ជាពាក្យកូនកាត់​ដែល​មាន​មេបា​ជាបារាំងពីរ​រូបគឺលោក Henri Parmentier និងលោក​ Louis Finot។ ដូច្នេះហើយបាន​ជា​ការបកស្រាយ​ឈ្មោះនេះរមែង​តែឆ្គង ព្រោះបើយោងតាមទម្រង់នេះគួរប្រើ​ថា «ព្រៃគុក​នៅភូមិសំបូរ» ឬឲ្យខ្លី «ព្រៃគុក​សំបូរ» ដូចគ្នា​នឹង​ «បន្ទាយស្រីដំដែក» កុំឲ្យច្រឡំនឹងបន្ទាយស្រីដែលគេស្គាល់គ្រប់គ្នា ឬ«សំបូរ​ក្រចេះ»។ តែដូចខ្ញុំសរសេរ​នៅក្នុងប្លុក​មុន​មកហើយថា ដោយយើងទម្លាប់សរសេរ «សំបូរព្រៃគុក» មកប្រហែល៩០ឆ្នាំហើយ​ ដូច្នេះ​ពុំមានកិច្ច​ចាំបាច់អ្វីនឹងដោះដូរទៀតឡើយ គ្រាន់តែស្គាល់ពីប្រវត្តិនិង​ដំណើរដើម​ទងរបស់វាជាការស្រេច។ ដូច្នេះ​ឈ្មោះ ​«សំបូរព្រៃគុក» មានន័យសាមញ្ញថា៖ «ព្រៃប្រាសាទនៅភូមិសំបូរ»។ ចំពោះពាក្យសំបូរ និង ឝម្ភុបុរ ខ្ញុំនឹង​លើក​មកនិយាយ​នៅវគ្គក្រោយៗទៀតកុំ​ឲ្យ​ចាក​ប្រធាន​នៅ​ទី​នេះ​។

parmentier in SPK 1911
លោក Henri Parmentier ធ្វើកន្លែងស្នាក់នៅក្នុង​ប្រាសាទតោ(?)នៅសំបូរព្រៃគុកក្នុងឆ្នាំ១៩១១ (រូបថតនេះជាកម្មសិទ្ធរបស់សាលាបារាំង EFEO តែខ្ញុំចម្លងរូបពី​ Facebook post ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ របស់លោក ឈុម ម៉េងហុង)

ជម្រាបមិត្តអ្នកអានថា ករណីប្រើឈ្មោះផ្សេង​របស់អ្ន​កស្រាវជ្រាវ​ទៅដាក់ឲ្យ​ស្ថានីយបុរាណ​មាន​មកទល់សព្វថ្ងៃ។ ឧបមាដូចជាក្រុម​ឡភាជន៍នៅភ្នំគូលែន​ជាដើម។ អ្នកស្រាវជ្រាវ​ក្នុងទសវត្សឆ្នាំ១៩៩០ ឲ្យឈ្មោះថា «ឡអន្លង់ធំ» ទៅតាមឈ្មោះភូមិអន្លង់ធំ​ដែលគេត្រូវឆ្លងកាត់។ តែអ្នកស្រុកនៅទីនោះតាំងពី​ជំនាន់​លោក Aymonier មក​ហៅ​ឡនេះថា «ឡថ្នល់ម្រេច» ឬ «សំពៅធ្លាយ» មកទល់សព្វថ្ងៃ។ ខ្ញុំនិងលោកឆាយ រចនា នៅក្នុងអត្ថបទ​រួម (Miksic et al 2009) ​បាន​ស្នើឲ្យត្រលប់ទៅប្រើឈ្មោះដើមវិញ​ព្រោះពុំទាន់ហួសពេលនៅឡើយ។ តែរឿងប្រើឬ​មិន​ប្រើជាសិទ្ធរបស់ស្មេរ​ម្នាក់ៗ យើងខ្ញុំគ្រាន់តែសរសេរថា «ឡថ្នល់ម្រេច» (ឬគេស្គាល់ថា «ឡអន្លង់ធំ») Thnal Mrech (a.k.a Anlong Thom) ដូច្នេះជាការ​ស្រេច (Chhay et al 2013)។ ឧទាហរណ៍​មួយទៀតនៅបរទេសគឺ «វប្បធម៌ Lapita» “Lapita Culture”​ របស់កោះប៉ាស៊ីហ្វិក​នៅតំបន់​ មេឡានេស៊ី ឬ Near Oceania និង Remote Oceania ភាគខាងលិច។  ដោយ​ស្តាប់អ្នកស្រុក​មិនច្បាស់ អ្នកស្រាវជ្រាវ​អាមេរិកកាលពី​ឆ្នាំ១៩៥៦ ហៅ​ស្ថានីយកំណាយមួយ​​នៅរដ្ឋ New Caledonia (កោះ​ស្ថិតនៅទិសឥសានធៀបនឹង​ទ្វីបអូស្ត្រាលី)​ថា Lapita (អាន​ថា​ ឡា​-ភិថា)​ តាមពិតឈ្មោះដើម​ដែល​អ្នកស្រុក​ហៅគឺ Xapetaa អានថា ហា-ភី-ថា​ ទៅវិញ (សូមមើល Sand et al 1998)។ តែដោយ​សារឈ្មោះ Lapita នេះ​ល្បីល្បាញរួច​ទៅ​ហើយ គេក៏សន្មត់ប្រើឈ្មោះនេះ​ដរាបរៀងមក។

សូមអរគុណដែលបានអានមកដល់ត្រឹមនេះ! ដល់ពេលដែល​មិត្តអ្នកអានត្រឡប់​មកបច្ចុប្បន្នវិញហើយ! ចុងបញ្ចប់ខ្ញុំសូមឲ្យអ្នកស្រាវជ្រាវ ព្យាយាម​ប្រើឈ្មោះ​ដើមតាមដែលអាចធ្វើបាន។ តែយើងទាំងអស់គ្នាក៏ត្រូវចំណាំ​ដែរថា ធម្មតាអ្នកស្រុកអាចមាន​ឈ្មោះ​ច្រើន​សម្រាប់ហៅកន្លែងតែមួយ​ ដូច្នេះឲ្យអារកាត់ថាមួយណាត្រូវឬខុសនោះពុំបានឡើយព្រោះត្រូវ​ទាំងអស់។ ម្លោះហើយ សូមសន្មត់យក​ឈ្មោះដែលគេនិយមជាងគេ​តែ​ដាក់លេខយោងសម្គាល់​ថា​មាន​គេប្រើ​ឈ្មោះផ្សេងទៀត​ទៅជាការស្រេច។

មួយវិញទៀត​អ្វីដែល​​ខ្ញុំ​ចង់​បង្ហាញមិត្ត​អ្នកអាន​នៅទីក្នុងសំណេរនេះដោយ​ប្រយោលគឺ​ «រាល់ការ​វិភាគ​ទាំងអស់ តោងវិល​ទៅ​រក​ដើមហេតុ​របស់​ប្រធានបទ» ​ចូរជៀសវៀងវិភាគ​ប្រធានបទ​អ្វីមួយ​ដោយ​ផ្អែក​តែ​លើ​​សណ្ឋាន​បច្ចុប្បន្ន​របស់វា​។ លោក​អ្នកអាចប្រដូច​វិធីនេះ​ទៅ​នឹង ការវិភាគជំងឺរបស់គ្រូពេទ្យព្រោះ​នេះជាគោលការណ៍រួម​ដូចគ្នា។ ​គ្រូពេទ្យរមែង​សួរ​រក​ដើម​ហេតុ​ឬ​អក្ការៈរបស់​អ្នកជំងឺ​សិន​ រួច​យក​ទៅ​ប្រៀប​ធៀប​នឹង​មេរៀន​និង​បទពិសោធន៍ដែល​ខ្លួន​មាន​ដោយ​សួរ​ថា​តើ​អក្ការៈដែល​រៀបរាប់​មកនេះ​ដូច​ជំងឺណា​មួយ​ជាង​គេ ទើប​គេសន្និដ្ឋាន​ថាអាចជាជំងឺអ្វី​ត្រូវព្យាបាល​របៀប​ម៉េច។ ការវិភាគលើប្រធានបទខាងលើ​ក៏ដូច្នោះដែរ។

សង្ឃឹមថា​អ្នកទាំងអស់គ្នា​រីករាយ​ស្កប់ស្កល់​​នឹង​ដំណើរ​វិលថយក្រោយ​លើកនេះ ហើយការដេញដោលអំពីឈ្មោះ​សំបូរព្រៃគុក​ក៏គង់ស្លេះត្រឹមនេះ! 🙂 ខ្ញុំនឹងនិយាយពីរឿងផ្សេងនៅអត្ថបទលើក​ក្រោយទៀត​៕

ហូណូលូលូ ១១ កក្កដា ២០១៧

ហេង ពិភាល់
ឯកសារពិគ្រោះ

  1. Arousseau, L. 1922. “Lettre de M. G. Groslier et Réponse de La Rédaction Du Bulletin.” Bulletin de l’École Française d’Extrême-Orient 22: 389–91.
  2. Aymonier, Étienne. 1900. Le Cambodge: Le Royaume Actuel, Vol 1. Paris: Ernest Leroux.
  3. Aymonier, Etienne, and Son Diep. 1878. Dictionnaire Khmêr-Français. Saigon: Autographié par Son Diep, Inteprèt titulaire de 2e classe.
  4. Bernard, Jean Baptiste. 1902. Dictionnaire Cambodgien-Français. Hong Kong : Imprimerie de la Société des Missions Etrangères.
  5. Chhay, Rachna, Piphal Heng, and Visoth Chhay. 2013. “Khmer Ceramic Technology: A Case Study from Thnal Mrech Kiln Site, Phnom Kulen.” In Materializing Southeast Asia’s Past: Selected Papers from the 12th International Conference of the European Association of Southeast Asian Archaeologists, Volume 2, edited by Marijke J Klokke and Véronique Degroot, 2:179–95. Singapore: NUS Press.
  6. Finot, Louis. 1912. “Notes d’archéologie cambodgienne.” Bulletin de la commission archéologique de l’Indochine 1: 183–93.
  7. Finot, Louis. 1928. “Nouvelle inscriptions de Sambor.” BEFEO 28: 42–46.
  8. Goloubew, Victor. 1927. “Chronique: Sambor Prei Kuk.” Bulletin de l’Ecole Française d’Extrême-Orient 27: 489–92.
  9. Lajonquière, Lunet de. 1902. Inventaire Descriptif Des Monuments Du Cambodge, Vol 1. Paris: Ernest Leroux.
  10. Leclère, Adhémard. 1894. “Fouilles de Kompong-Soay (Cambodge).” Comptes rendus des séances de l’Académie des Inscriptions et Belles-Lettres 22 (5): 367–378.
  11. Leuba, Jeanne. 1925. “Le groupe de Sambor-prei kuk,” March 18. http://gallica.bnf.fr/ark:/12148/bpt6k7554234q.
  12. Miksic, John N., Rachna Chhay, Piphal Heng, and Visoth Chhay. 2009. Archaeological Report on the Thnal Mrech Kiln Site (TMK 02), Anlong Thom, Phnom Kulen, Cambodia. ARI Working Paper 126. Asia Research Institute, National University of Singapore.
  13. Parmentier, Henri. 1913. “Complément à l’inventaire descriptif des monuments du Cambodge.” Bulletin de l’Ecole française d’Extrême-Orient 13 (1): 1–64.
  14. Parmentier, Henri. 1927. L’art khmèr primitif. Vol. 1. 2 vols. Publications de l’École française d’Extrême-Orient. Paris: Librairie nationale d’art et d’histoire.
  15. Sand, Christophe, Karen Coote, Jacques Bole, and Andre Ouetcho. 1998. “A Pottery Pit at Locality Wko013a, Lapita (New Caledonia).” Archaeology in Oceania 33 (1): 37–43.
Advertisements

One thought on “«សំបូរព្រៃគុក» ​ជាឈ្មោះ​កាត់​បារាំង?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s